Thursday, March 30, 2017

Smom Kon Penh Lenh,នីតិវិធីស្មុំកូនពេញលេញ



I.សេចក្ដីផ្ដើម
ក្រៅពីទំនាក់ទំនងបុត្តភាពតាមបែបធម្មជាតិក្រមរដ្ឋប្បវេណីក៏ទទួលស្គាល់ការបង្កើតឱ្យមានទំនាក់ទំនងមានបុត្តភាព តាមរយៈស្មុំកូន ។ គោលបំណងនៃការបង្កើតឱ្យមានប្រពន្ធ័ស្មុំកូន ដើម្បីបង្កើតឱ្យមានសន្តតិជន នៃទ្រព្យសម្បត្តិរបស់គ្រួសារឪពុកម្តាយចិញ្ចឹម ហេតុនេះ តាមរយៈស្មុំកូនគេអាចទទួលបាននូវសន្តតិជន ដែលជាអ្នកបន្តសន្តតិកម្មរបស់ឪពុកម្តាយចិញ្ចឹម។ ស្មុំកូនក៏មានគោលបំណងបង្កើតអ្នកមានកម្លាំងការងារ និងមើលថែរក្សាគ្រួសារឪពុកម្តាយចិញ្ចឹមដែរហេតុនេះតាមរយៈស្មុំកូនឪពុកម្តាយចិញ្ចឹមដែលពុំមានកូនអាចទទួលបានកូនដើម្បីទទួលការមើលថែពីកូន។ លើសពីនេះទៅទៀតស្មុំកូនមានគោលបំណងបង្កើតឱ្យមានឪពុកម្តាយក្នុងការថែរក្សាកូនជាគោលបំណងគិតគូដល់ផលប្រយោជន៍របស់កុមារ ដែលពុំមានស្ថានភាពនៃការថែរក្សាដោយសមរម្យពីឪពុកម្តាយបង្កើតគោលបំណងទាំងបីនេះត្រូវបានយកមកវិនិច្ឆ័យក្នុងការបង្កើតស្មុំកូន ប៉ុន្តែ គោលបំណងដែលមានអាទិភាពជាងគេគឺផលប្រយោជន៍របស់កូនសុំ ហេតុនេះ ក្រមរដ្ឋប្បវេណី ក្រៅពីបញ្ញត្តិជាមូលដ្ឋាននៃលក្ខខណ្ឌនៃក្នុងការបង្កើតស្មុំកូនក៏មានបញ្ញត្តិជាមូលដ្ឋានដែលជាគោលការណ៍ទូទៅក្នុងការបង្កើតស្មុំកូនដូចមានចែងក្នុងមាត្រា១០១២,១០១៣និង១០១៤។
     តើអ្វីទៅជាស្មុំកូនពេញលេញនោះ?

II.ប្រភេទនៃស្មុំកូន
  ស្មុំកូនត្រូវបានបែងចែកជាពីរគឺស្មុំកូនពេញលេញ និងស្មុំកូនធម្មតា ស្មុំកូនទាំងពីរប្រភេទនេះមានលក្ខខណ្ឌ និងអានុភាពខុសគ្នា ដោយក្នុងនោះស្មុំកូនពេញមានលក្ខខណ្ឌ ក្នុងការបង្កើតតឹងរឹងជាងស្មុំកូនធម្មតា ដូចជាករណីស្មុំកូនពេញលេញអាចបង្កើតបានចំពោះតែកុមារតូចៗដែលជាគោលការណ៍មានអាយុតិចជាង៨ឆ្នាំ និងអាចបង្កើតបានចំពោះតែបុគ្គលដែលមានសហពទ្ធ័ប៉ុណ្ណោះហេតុនេះបុគ្គលដែលមិនទាន់មានសហពទ្ធ័មិនអាចបង្កើតស្មុំកូនពេញលេញបានទេ តែអាចបង្កើតស្មុំកូនធម្មតាបាន ។ ម្យ៉ាងវិញទៀត ចំណុចដែលខុសគ្នាទាំងស្រុងគឺ ស្មុំកូនពេញលេញមានអានុភាញបង្កើតញាតិថ្មី (ទំទាក់ទំនងញាតិរវាងកូនសុំនិងឪពុកម្ដាយចិញ្ចឹម ព្រមទាំងញាតិលោហិតរបស់ឪពុកម្ដាយចិញ្ចឹម)ឱ្យកូនសុំដោយកាត់ផ្ដាច់ទាំងស្រុងនូវទំនាក់ទំនងញាតិរវាងកូនសុំនឹងឪពុកម្ដាយបង្កើត ព្រមទាំងញាតិលោហិតរបស់ឪពុកម្ដាយបង្កើត ។ ដោយឡែកស្មុំកូនធម្មតាមានអានុភាពបង្កើតនូវញាតិថ្មី ដោយមិនផ្ដាច់នូវទំនាក់ទំនងញាតិជាមួយនឹងឪពុកម្ដាយបង្កើតព្រមទាំងញាតិលោហិតរបស់ឪពុកម្ដាយបង្កើតទេ ពោលគឺញាតិភាពរវាងកូនសុំ និងឪពុកម្ដាយបង្កើតនៅតែបន្ត ។


III.ស្មុំកូនញេញលេញ
     ១.ការបង្កើតស្មុំកូនពេញលេញ
     ដើម្បីអាចបង្កើតស្មុំកូនពេញលេញលុះត្រាតែបានបំពេញតាមលក្ខខណ្ឌដែលកំណត់ដោយច្បាប់ហើយមានលក្ខខណ្ឌជាច្រើន សម្រាប់ស្មុំកូនពេញលេញ លក្ខខណ្ឌទាំងនោះ ទាក់ទងនឹងអាយុរបស់ឪពុកម្ដាយចិញ្ចឹម និងកូនសុំ ការចូលរួមរបស់ភាគី ដែលមានផលប្រយោជន៍ពាក់ពន្ធ័ (សហពទ្ធ័របស់ឪពុកម្ដាយចិញ្ចឹម ឪពុកម្ដាយរបស់កូនសុំ) អំឡុំពេលសាកល្បង និងមូលដ្ឋានវិនិច្ឆ័យដែលតុលាការ នឹងពិចារណា ។​

        ក.អាយុរបស់ឪពុកម្ដាយចិញ្ចឹម
        ឪពុកម្ដាយចិញ្ចឹមត្រូវមានអាយុចាប់ពី២៥ឡើងទៅហើយត្រូវមានអាយុច្រើនជាងកូនសុំយ៉ាងតិច២០ឆ្នាំទើបអាចបង្កើតស្មុំកូនពេញលេញបាន (មាត្រា ១០០៩ នៃក្រមរដ្ឋប្បវេណី) ។
          មាត្រា ១០០៩ នៃក្រមរដ្ឋប្បវេណី ពុំបានបញ្ជាក់ថាអាយុ២៥ឆ្នាំ គិតចាប់ពីពេលណានោះទេ ប៉ុន្ដែគោលគំនិតនៃមាត្រានេះគិតនៅពេលដែលកើតឡើងនូវអានុភាពនៃដីកាសម្រេចបុគ្គលដែលដាក់ពាក្យសុំត្រូវមានអាយុ២៥ឆ្នាំឡើងទៅ ទើបអាចបង្កើតស្មុំកូនពេញលេញបាន ។ ហេតុនេះក្នុងករណីបុគ្គលដែលដាក់ពាក្យសុំមានអាយុ២៤ឆ្នាំ នៅពេញដែលតុលាការចេញដីកាសម្រេចបង្កើតស្មុំកូនបុគ្គលដែលនឹងក្លាយជាឪពុកម្ដាយចិញ្ចឹមមានអាយុ២៥ឆ្នាំ អាចបង្កើតស្មុំកូនពេញលេញបានផ្ទុយទៅវិញប្រសិនបើនៅពេលដែលតុលាការចេញដីការសម្រេចបុគ្គលដែលដាក់ពាក្យសុំមានអាយុតិចជា២៥ឆ្នាំ នោះស្មុំកូនមិនអាចបង្កើតបានទេ ។
        ខ.អាយុរបស់កូនសុំ
        ជាគោលការណ៍កូនសុំ ត្រូវមានអាយុតិចជាង៨ឆ្នាំ (មាត្រា១០១០ នៃក្រមរដ្ឋប្បវេណី) ។ ចំណុចនេះក្រមរដ្ឋប្បវេណីជប៉ុនចែងថាក្មេងដែលមានអាយុដល់៦ឆ្នាំនៅពេលដាក់ពាក្យសុំមិនអាចក្លាយកូនសុំបានទេ ប៉ុន្ដែប្រសិនបើក្មេងដែលមានអាយុតិចជាង៨ឆ្នាំហើយដែលត្រូវបានថែរក្សាដោយបុគ្គលដែលនឹងក្លាយជាឪពុកម្ដាយចិញ្ចឹមជាបន្តបន្ទាប់តាំងពីមុនពេលក្មេងនោះ មានអាយុដល់៦ឆ្នាំអាចសុំបាន។មានន័យថាជាគោលការណ៍ស្មុំកូនពេញលេញអាចបង្កើតបានក្នុងករណីកូនសុំមានអាយុត្រឹម៦ឆ្នាំប៉ុណ្ណោះ ប៉ុន្តែក្នុងករណីកូនសុំនោះមានអាយុច្រើនជាង៦ឆ្នាំតែមិនលើសពី៨ឆ្នាំនិងត្រូវបានថែរក្សាដោយបុគ្គលដែលនឹងក្លាយជាឪពុកម្ដាយចិញ្ចឹម ( អង្គហេតុបានចិញ្ចឹមមុនពេលដាក់ពាក្យសុំ ) តុលាការអាចបង្កើតស្មុំកូចពេញលេញបាន ។
        ដោយឡែកក្រមរដ្ឋប្បវេណីកម្ពុជា មាត្រា ១០១០ ពុំបានកំណត់ច្បាស់លាស់បែបនេះទេ គ្រាន់តែប្រើពាក្យថាជាគោលការណ៍នាំឱ្យមានការបកស្រាយខុសៗគ្នាហេតុនេះអាស្រ័យលើគោលគំនិតនៃការបកស្រាយរបស់កម្ពុជា ។ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ មិនគួរទទួលស្គាល់នូវការបង្កើតស្មុំកូនពេញលេញចំពោះកុមារ ដែលមានអាយុច្រើនពេកនោះទេទោះបីជាមានអង្គហេតុនៃការចិញ្ចឹមមុនពេលដាក់ពាក្យសុំបង្កើតស្មុំកូនក៏ដោយ ពីព្រោះស្មុំកូនពេញលេញគឺ ការបង្កើតញាតិថ្មី ឱ្យកូនសុំ និង ផ្ដាច់កូនសុំពីញាតិចាស់ ហើយកូនសុំ ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ឪពុកម្ដាយចិញ្ចឹមទាំងស្រុងហេតុនេះប្រសិនបើកូនសុំមានអាយុច្រើនអាចយល់ដឹងបាន នោះជាបញ្ហារំខាន់ក្រោយពេលស្មុំកូនត្រូវបានបង្កើតឡើងហេតុនេះគួរមានការបកស្រាយកម្រឹតអំពីបញ្ហាអាយុនេះ មានន័យថាក្នុងករណីបុគ្គលដែលនឹងក្លាយជាឪពុកម្ដាយចិញ្ចឹមបានថែរក្សាកូនសុំមុនពេលដាក់ពាក្យសុំបង្កើតស្មូកូនពេញលេញ គួរអនុញ្ញាតឱ្យបង្កើតស្មុំកូនពេញលេញប្រសិនបើកូនសុំមានអាយុចន្លោះ ៨,៩,១០ ឆ្នាំប៉ុន្ដែប្រសិនបើ អាយុលើសពីនេះមិនគួរអនុញ្ញាតទេ ។
     
     គ.ភាពចាំបាច់នៃការមានសហពទ្ធ័របស់ជនដែលនឹងក្លាយជាឪពុកម្ដាយចិញ្ចឹម
        បុគ្គលដែលអាចក្លាយជាឪពុក ឬម្តាយចិញ្ចឹមបាន ត្រូវតែជាបុគ្គល ដែលមានសហពទ្ធ័ ហេតុនេះ បុគ្គលដែលគ្មានសហពទ្ធ័មិនអាចបង្កើតស្មុំកូនពេញលេញបានទេ(មាត្រា១០០៨កថាខណ្ឌទី១នៃក្រមរដ្ឋប្បវេណី)។
     
        ឃ.ការចូលរួមរបស់សហពទ្ធ័របស់បុគ្គលដែលនឹងក្លាយជាឪពុកម្ដាយចិញ្ចឹម
 ការបង្កើតស្មុំកូនពេញលេញមិនត្រឹមតែតម្រូវឱ្យបុគ្គលដែលជាឪពុក ឬម្តាយចិញ្ចឹមត្រូវតែជាជនដែលមានសហពទ្ធ័ប៉ុណ្ណោះទេពោលគឺតម្រូវឱ្យមានការចូលរួមរបស់សហពទ្ធ័ថែមទៀតផង មានន័យថាបុគ្គលដែលចង់បង្កើតស្មុំកូនពេញលេញត្រូវតែមានសហពទ្ធ័និងការយល់ព្រមរបស់សហពទ្ធ័មិនគ្រប់គ្រាន់ទេ ត្រូវដាក់ពាក្យសុំដោយរួមគ្នាជាមួយសហពទ្ធ័ទើបអាចសុំបង្កើតស្មុំកូនពេញលេញបានហេតុនេះក្នុងករណីដែលបុគ្គលចង់បង្កើតស្មុំពេញលេញដាក់ពាក្យសុំតែម្នាក់ឯង ឬដាក់ពាក្យសុំម្នាក់ឯងដោយទទួលការយល់ព្រមរបស់សហពទ្ធ័ម្ខាងទៀតពាក្យសុំនោះនឹងត្រូវលើកចោល(មាត្រា១០០៧ និង១០០៨នៃក្រម)។ ម្យ៉ាងវិញទៀតទោះបីជាមានហេតុផលថាសហពទ្ធ័ម្ខាងទៀតមិនអាចចូលរួមដាក់ពាក្យសុំជាមូយគ្នា ដោយមូលហេតុកំពុងបាត់ខ្លួន ឬមានជំងឺធ្ងន់ធ្ងរជាអាទិ៍ក៏ដោយ ក៏ពាក្យសុំនោះត្រូវលើកចោលដែរ។
      ង.ការចូលរបស់ឪពុកម្ដាយបង្កើតរបស់កូនសុំ
        ដើម្បីបង្កើតស្មុំកូនពេញលេញ លុះត្រាតែមានការយល់ព្រមពីឪពុកម្តាយបង្កើត ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជនរបស់កូនសុំ (មាត្រា១០១១ វាក្យខណ្ឌទី១នៃក្រម)។ ប៉ុន្តែក្នុងករណី ឪពុកម្តាយបង្កើតរបស់កូនសុំមិនអាចបង្ហាញឆន្ទៈបាន ឬមានករណីមានការធ្វើបាប ដោយឪពុកម្តាយ បោះបង់ចោលកូនដោយគំនិតទុច្ចរិតឬហេតុផ្សេងទៀតដែលបំពានផលប្រយោជន៍របស់កុមារដែលនឹងក្លាយជាកូនសុំយ៉ាងធ្ងន់ធ្ងរក្នុងករណីនេះ ស្មុំកូនពេញលេញអាចបង្កើតបានដោយមិនចាំបាច់ទទួលការយល់ព្រមពីឪពុកម្តាយបង្កើតរបស់កូនសុំឡើយ (មាត្រា១០១១វាក្យខណ្ឌទី២នៃក្រមនេះ)។ការយល់ព្រមរបស់ឪពុកម្តាយបង្កើតអាចដកវិញពេលណាក៏បាន មុនពេលដីកាសម្រេចបង្កើតស្មុំកូនពេញលេញចូលជាស្ថាពរក្នុងករណីឪពុកម្តាយបង្កើតរបស់កូនសុំបានដកនូវការយល់ព្រមតុលាការត្រូវលើកចោលពាក្យសុំបង្កើតស្មុំកូនពេញលេញ។ លើកលែងតែការដកការយល់ព្រមនោះបំពានផលប្រយោជន៍ធ្ងន់ធ្ងររបស់កូនសុំនោះដូចមូលហេតុមានចែងនៅក្នុងមាត្រ១០១១វាក្យខណ្ឌទី២នៃក្រមរដ្ឋប្បវេណី។
        ច.អំឡុងពេលសាកល្បង
        អំឡុងពេលសាកល្បង គឺជាអំឡុងពេលដាច់ខាត់ ដែលតុលាការត្រូវតែកំណត់ ដើម្បីអាចសម្រេចស្មុំកូនពេញលេញ ។ ពីព្រោះអំឡុងពេលសាកល្បងគឺជាអំឡុងពេល ដែលអាចឱ្យតុលាការពិចារណាថាតើឪពុកម្តាយចិញ្ចឹមនិងកូនសុំអាចរស់នៅចុះសម្រុងគ្នាដែរឬទេ។
          ក្រមរដ្ឋប្បវេណី មាត្រា១០១៣ចែងថា ដើម្បីបង្កើតកូនស្មុំពេញលេញ តុលាការត្រូវពិចារណាលើស្ថានភាពបុគ្គល ដែលនឹងក្លាយជាឪពុកម្តាយចិញ្ចឹម បានធ្វើការគ្រប់គ្រងថែរក្សាកុមារ ដែលនឹងក្លាយជាកូនសុំជាគោលការណ៍យ៉ាងតិច៦ខែ។ បើយើងពិនិត្យខ្លឹមសារនៃមាត្រានេះហាក់ដូចជាទទួលស្គាល់ថាអំឡុងពេលសាកល្បងត្រូវធ្វើឡើងក្រោយពេលដាក់ពាក្យសុំ ហេតុនេះ អង្គហេតុចិញ្ចឹម ដែលបានធ្វើមុនពេលដាក់ពាក្យមិនមែនជាអំឡុងពេលសាកល្បងទេ ហេតុនេះ ការបកស្រាយចំពោះមាត្រានេះ អាស្រ័យលើភាគីកម្ពុជា។
      ឆ.មូលដ្ឋានវិនិច្ឆ័យដែលតុលាការនឹងពិចារណា
        ក្នុងករណីលក្ខខណ្ឌផ្សេងៗខាងលើត្រូវបានបំពេញក៏ដោយ តុលាការនឹងត្រូវពិនិត្យលើស្ថានភាពផ្សេងទៀតដែលមានឥទ្ធិពលក្នុងការសម្រេចបង្កើតស្មុំកូនពេញលេញដែលស្ថានភាពទាំងនោះរួមមាន៖
Ø  ការលំបាកក្នុងការគ្រប់គ្រងថែរក្សាកូន៖ ឪពុកម្តាយបង្កើតក្រីក្រខ្លាំង មានជំងឺផ្លូវកាយ វិបត្តិស្មារតីធ្ងន់ធ្ងរ កំពុងបាត់ខ្លួនជាអាទិ៍។
Ø  មានភាពមិនសមស្របក្នុងការថែរក្សាកូន៖ បំពាន ឬធ្វើបាបផ្លូវកាយ ឬតាមរយៈពាក្យសំដី ការធ្វេសប្រហែសក្នុងការមិនអើពើថែរក្សាកូនជាអាទិ៍។
Øភាពចាំបាច់ពិសេសដើម្បីផលប្រយោជន៍កូន៖ មានភាពល្អប្រសើរសម្រាប់កូននោះទាំងផ្នែកស្មារតី និងសម្ភារៈក្នុងការរស់នៅជាមួយបុគ្គលដែលនឹងក្លាយជាឪពុកម្តាយចិញ្ចឹមជាជាងរស់នៅជាមួយឪពុកម្តាយបង្កើត(មាត្រា១០១២នៃក្រម)។
          ស្មុំកូនពេញលេញមានអានុភាពតាផ្លូវច្បាប់ លុះត្រាតែបានបង្កើតតាមផ្លូវតុលាការ មានន័យថាបុគ្គលដែលមានបំណងបង្កើតស្មុំកូនពេញលេញ ត្រូវដាក់ពាក្យសុំទៅតុលាការ ។
      ២.អានុភាពនៃស្មុំកូនពេញលេញ
        ក.ការបង្កើតញាតិភាពជាមួយឪពុកម្ដាយចិញ្ចឹម
        ទំនាក់ទំនងឪពុកម្ដាយ និងកូនតាមច្បាប់ត្រូវកើតឡើងរវាងពុកម្ដាយចិញ្ចឹមនិងកូនសុំ ចាប់ពីថ្ងៃបង្កើតស្មុំកូន(ដីកាសម្រេចបង្កើតឱ្យស្មុំកូនចូលជាស្ថាពរ)ហើយទំនាក់ទំងញាតិភាពរវាងកូនសុំជាមួយនឹងជាលោហិតរបស់ឪពុកម្ដាយចិញ្ចឹម ដែលដូចគ្នាទៅនឹងទំនាក់ទំនងញាតិលោហិតតាំងពីកំណើតក៏ត្រូវកើតឡើងដែរ។ កូនសុំមានឋានៈដូចគ្នានឹងកូនបង្កើតទទួលបានសិទ្ធិនិងករណីយកិច្ចដូចគ្នានឹងកូនបង្កើតនៅក្នុងទំនាក់ទំនងជាមួយ នឹងឪពុកម្ដាយចិញ្ចឹងហើយកូនសុំអាចប្រើនាមត្រកូលរបស់ឪពុកម្ដាយចិញ្ចឹម ឬនាមត្រកូលមុនរបស់ក្លួនបាន (មាត្រា១០១៥កថាខណ្ឌទី១និងទី២នៃក្រម)។ កូនសុំត្រូវស្ថិតនៅក្រោមអំណាចមេបារបស់ឪពុកម្ដាយចិញ្ចឹម(មាត្រា១០១៥ កថាខណ្ឌទី៣ នៃវាក្យខណ្ឌទី១ និងមាត្រា១០៣៥ នៃក្រម) ។ ប៉ុន្ដែក្នុងករណីដែល ប្ដីប្រពន្ធណាម្ខាងក្លាយជាឪពុក ឬម្ដាយចិញ្ចឹមរបស់កូនបង្កើតរបស់សហពទ្ធ័ម្ខាងទៀត កូនសុំនោះត្រូវស្ថិតនៅក្រោមអំណាចមេបារួមរបស់ឪពុក ឬម្ដាយបង្កើត និងឪពុកចិញ្ចឹម ឬម្ដាយចិញ្ចឹ (មាត្រា ១០១០ កថាខណ្ឌទី៣ វាក្យខណ្ឌទី២ នៃក្រម)។ ឧទាហរណ៍ ​ និង​ បានលែងលះគ្នា ស្ថិតនៅក្រោមអំណាចមេបា របស់ ក​ , ក បានរៀបអាពាហ៍ពិពាហ៍ថ្មីមួយ ជាមួយ បន្ទាប់មក មានបំណងចង់សុំ ធ្វើជាកូនសុំ ក្នុងករណីនេះ អ្នកមានអំណាចមេបារួមលើ គឺ និង
        ខ.ការបញ្ចប់ញាតិភាពជាមួយឪពុកម្ដាយបង្កើត
        ក្រោយបង្កើតស្មុំកូន ញាតិភាពជាមួយឪពុកម្ដាយបង្កើតត្រូវបានបញ្ចប់ មានន័យថាឪពុកម្ដាយនិងកូនបង្កើតក្លាយជាអ្នកដទៃលែងជាប់សាច់ឈាមនឹងគ្នាហើយញាតិលោហិតរបស់ឪពុកម្ដាយបង្កើត ក៏ត្រូវបញ្ចប់តែ លើកលែងតែករណីកូនសុំជាកូរបស់សហពទ្ធ័ម្ខាងទៀត (មាត្រា ១០១៤​ នៃក្រម ) ។ ហេតុនេះសិទ្ធិធ្វើសន្ដតិកម្មចំពោះគ្នាទៅវិញទៅមកត្រូវបានបាត់បង់និងមិនអាចទទួលកាតព្វកិច្ចទៅវិញទៅមកបានទៀតទេ ហើយឪពុកម្ដាយបង្កើត ក៏ពុំមានសិទ្ធិសួរសុខទុក្ខកូនដែរ ។ ការកំណត់បែបនេះ ដោយហេតុថាគោលបំណងនៃការបង្កើតស្មុំកូនពេញលេញគឺបង្កើតញាតិភាពថ្មី្មមួយ នៅក្នុងមជ្ឈដ្ឋាន នៃគ្រួសាររបស់ឪម្ដាយចិញ្ចឹមដែលមានស្ថេរភាពល្អហើយកូនសុំត្រូវស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងរបស់ឪពុកម្ដាយចិញ្ចឹម ហេតុនេះដើម្បីជៀសវាងការរំខាន់ឬជ្រៀតជ្រែកដោយមិនសមរម្យរបស់ឪពុកម្ដាយបង្កើតត្រូវតែបញ្ចប់ទំនាក់ទំនងជាមួយឪពុកម្ដាយបង្កើត​ ព្រមទាំងញាតិលោហិតរបស់ឪពុកម្ដាយបង្កើត ។ ម្យ៉ាងវិញទៀត ការបង្កើតស្មុំកូនពេញលេញ កុមារនឹងត្រូវរស់ក្នុងមជ្ឈដ្ឋានថ្មី នៃគ្រួសារឪពុម្ដាយចិញ្ចឹម ហេតុនេះ ការគិតថា ឪពុកម្ដាយចិញ្ចឹមគឺជាឪពុកម្ដាយបង្កើតរបស់ខ្លួន គឺជាភាពចាំបាច់ដើម្បីឱ្យទំនាក់ទំនងរវាងឪពុកម្ដាយចិញ្ចឹម និងកូនសុំមានភាពសុខដុមរមនានឹងគ្នា ការបញ្ចប់ញាតិភាព ជាមួយឪពុកម្ដាយបង្កើតគឺជាមូលដ្ឋានសមរម្យ ។ទោះបីជាទំនាក់ទំងញាតិនេះត្រូវបញ្ចប់ដោយការកំណត់របស់ច្បាប់ក៏ដោយប៉ុន្ដែញាតិភាពជាមួយឪពុកម្ដាយបង្កើតនិងញាតិភាពជាមួយញាតិលោហិតរបស់ឪពុកម្ដាយបង្កើត វាជាឈាមជ័រតាមធម្មជាតិ ហេតុនេះការហាមឃាត់រៀបអាពាហ៍ពិពាហ៍ជាមួយញាតិលោហិតនៅតែបន្ត (មាត្រា ៩៥១ កថាខណ្ឌទី២ នៃក្រម ) ។
      ៣.ការកាត់កាល់កូនសុំពេញលេញ
        ប្រសិនបើយល់ឃើញថាមានភាពចាំបាច់ពិសេសដើម្បីផលប្រយោជន៍របស់កូនសុំ តុលាការអាចកាត់កាល់ភាគីនៃកូនសុំពេញលេញបាន តាមពាក្យរបស់កូនស្មុំ ឪពុកម្ដាយបង្កើត ឬតំណាងអយ្យការ។ ការស្នើសុំកាត់កាល់កូនសុំពេញលេញបានលុះត្រាតែក្នុងករណីដែលត្រូវនឹងចំណុចទាំងអស់ ដែលកំណត់នៅក្នុងចំណុចនីមួយៗខាងក្រោមនេះ៖
o   បើមានការធ្វើបាបដោយឪពុកម្ដាយចិញ្ចឹម បោះបង់កូនសុំចោលដោយគំនិតទុច្ចរិត ឬហេតុផ្សេងៗទៀតដែលបំពានផលប្រយោជន៍ របស់កូនសុំយ៉ាងធ្ងន់ធ្ងរ ។
o   ឪពុកម្ដាយបង្កើតអាចគ្រប់គ្រងដោយសមរម្យ (មាត្រា​១០១៦ នៃក្រម)។
      ៤.អានុភាពនៃការកាត់កាល់
        តាមក្រមរដ្ឋប្បវេណីកម្ពុជា ទទួលស្គាល់នូវទស្សនៈនៃការបង្កើតឡើងវិញ ដោយស្វ័យប្រវត្តិ នូវញាតិភាពរវាងកូនសុំនិងឪពុកម្ដាយបង្កើតនិងញាតិភាពជាមួយញាតិលោហិតរបស់ឪពុកម្ដាយបង្កើតក្រោយការបញ្ចប់ស្មុំកូន ហេតុនេះ ក្រោយការកាត់កាល់ កូនសុំពេញលេញ ញាតិភាពរវាងកូនសុំនិងឪពុកម្ដាយបង្កើត ដែលត្រូវបានបញ្ចប់ដោយស្មុំកូនពេញលេញ ត្រូវកើតឡើងវិញ គិតចាប់ពីថ្ងៃកាត់កាល់ (មាត្រា ១០១៧ នៃក្រម) ។

IV.សេចក្ដីសន្និដ្ឋាន   
      តាមការស្រាវជ្រាវនេះ ធ្វើឱ្យយើងបានយល់ដឹងពីការបង្កើតបុត្តភាពមួយតាមរយៈស្មុំកូនដើម្បីឱ្យ មានទំនាក់ទំនងញាតិរវាងកូនស្មុំនិងឪពុកម្ដាយចិញ្ចឹម ដូចជាញាតិ នៃឪពុកម្ដាយបង្កើតដែរ​។ នៅក្នុងនេះយើងបានដឹងអំពីប្រភេទនៃស្មុំកូនហើយដឹងអំពីលក្ខខណ្ឌនៃការសុំដែលមានទាក់ទងនឹងលក្ខខណ្ឌអាយុរបស់ឪពុកម្ដាយ លក្ខខណ្ឌអាយុរបស់កូន ។ មួយទៀតគឺបានដឹងអំពីករណីណា ឬស្ថានភាពណា ដែលអាចស្មុំកូនបានពីឪពុកម្ដាយបង្កើត ដូចជាឪពុកម្ដាយពិបាកយ៉ាងខ្លាំង ក្នុងការចិញ្ចឹម​ និងមូលហេតុផ្សេងៗទៀតដែលចាំបាច់ហើយដម្បីផលប្រយោជន៍កុមារ ទើបនាំឱ្យមានការសុំបាន ។  នៅក្នុងនេះដែរ ក៏បានដឹងអំពីការវិនិច្ឆ័យរបស់តុលាការទាក់ទងនឹងស្មុំកូននេះ ថាតើមូលហេតុ ឬស្ថានភាពបែបណា ដែលអាចឱ្យឪពុកម្ដាយចិញ្ខឹមសុំកូនមកចិញ្ចឹមបាន ។ កាលណាដែលស្មុំបានមក គឺយើងក៏បានដឹងពីអានុភាពនៃស្មុំកូនពេញលេញហើយក៏បានដឹងអំពីការកាត់កាល់និងអានុភាពនៃការកាត់កាល់ផងដែរ ។ដូច្នេះការដែលបានយល់ដឹងអំពីបញ្ហាទាំងអស់នេះបានគឺដោយមានការបង្រៀនពីលោកគ្រូគួបផ្សំនឹងកិច្ចការស្រាវជ្រាវនេះទើបមានការយល់ដឹងកាន់តែច្បាស់ ហេតុនេះសង្ឃឹមថាបងប្អូននិស្សិតនិងអ្នកសិក្សាទាំងឡាយយកចិត្តទុកដាក់ក្នុងកិច្ចការស្រាវជ្រាវរបស់ខ្លួនទោះជាមុខវិជ្ជាណាក៏ដោយ ទើបធ្វើឱ្យយើងមាននូវចំណេះដ៏ពិតប្រកដបាន នោះជាអ្វីដែលល្អពិត៕
ស្រាវជ្រាវដោយ និស្សិត ៖
សាន សំណាង និង សន វាសនា
សូមអធ្យាស្រ័យអក្សរមិនមានរចនាបទល្អដោយសារមិនមានជំនាញបច្ចេកទេស ។

V.ឯកសារយោង
§  នីតិបេតិកភណ្ឌគ្រួសារ (មេរៀន របស់សាស្ត្រាចារ្យ ខាំ សុមករា)
§  ក្រមរដ្ឋប្បវេណី ២០០៧
§  ក្រមរដ្ឋប្បវេណី ភាគ ៦ បោះពុម្ពខែមីនា ឆ្នាំ ២០១២
§  សិក្ខាសាលាស្ដីពីស្មុំកូន ២៨ខែមីនា ២០១៥ ដោយមេធាវី ទេព បូផល
§  នីតិគ្រួសារ និងអាពាហ៍ពិពាហ៍ ភាគ២ ឆ្នាំ២០១៣ ដោយ ឥន យឿន